យោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកវៀតណាម Vietnam Plus ថ្ងៃទី២៥កញ្ញា តំណាងទូតវៀតណាមបានរៀបចំជំនួបក្រៅផ្លូវការមួយជាមួយប្រមុខទូតកម្ពុជា លោកសុខ ចិន្តាសោភា និងប្រមុខទូតឡាវ លោក សាលើមសៃ គុំម៉ាស៊ីដ នាឱកាសចូលរួមកិច្ចប្រជុំលើកទី៧៩នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក នាថ្ងៃទី២៤កញ្ញា។ ក្នុងសេចក្តីរាយការណ៍របស់ Vietnam Plus ដដែល ប្រមុខទូតវៀតណាម លោក ប៊ូយ ថាញ់សឺន បានបញ្ជាក់ជាថ្មី អំពីជំហរបស់វៀតណាមក្នុងកិច្ចការពង្រឹងទំនាក់ទំនងពិសេសជាមួយប្រទេសកម្ពុជា និងឡាវ ព្រមទាំងប្តេជ្ញាបង្កើនទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ក្នុងចំណោមបក្សនយោបាយ រដ្ឋ និងប្រជាជននៃប្រទេសទាំង៣។ ការបញ្ជាក់ឡើងវិញពីទំនាក់ទំនងជាមួយប្រទេសជិតខាងរបស់ប្រមុខទូតវៀតណាមនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាកាលពីយប់ថ្ងៃទី២០កញ្ញាបានសម្រេចបញ្ចប់កិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមក្នុងតំបន់ត្រីកោណ CLV- DTA ជាមួយឡាវ និងវៀតណាម។
ក្នុងជំនួបក្រៅផ្លូវការនេះដែរ ប្រមុខទូតកម្ពុជាលោក សុខ ចិន្តាសោភាក៏បានបញ្ជាក់ជាថ្មីនៅចំពោះមុខប្រមុខទូតឡាវ និងវៀតណាមថា ការដកចេញកិច្ចសហការតំបន់អភិវឌ្ឍតំបន់ត្រីកោណ CLV-DTA គឺមិនប៉ះពាល់ដល់យន្តការកិច្ចសហប្រតិបត្តិការផ្សេងទៀតទាំងទ្វេភាគី ឬត្រីភាគី ជាមួយប្រទេសជិតខាងទាំង២ឡើយ។ នេះបើតាម Vietnam Plus។ ក្រៅពីនេះ និងបើតាម Vietnam Plus ដដែល ប្រមុខទូតកម្ពុជា ឡាវ និងវៀតណាមបានប្តេជ្ញារួមគ្នាបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នាឱ្យកាន់តែមានប្រសិទ្ធិភាពដើម្បីប្រយោជន៍រួមគ្នា និងដើម្បីពង្រីកសហគមន៍អាស៊ានឱ្យកាន់តែទូលំទូលាយ ព្រមទាំងការបន្តរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។
ទោះបីកម្ពុជាសម្រេចបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTA តែតាមពិតទៅ កម្ពុជាក៏នៅមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរួមគ្នាជាមួយប្រទេសជិតខាងស្រដៀងគ្នាមួយផ្សេងទៀត គឺកិច្ចប្រតិបត្តិរវាងកម្ពុជា ឡាវ ភូមា និងវៀតណាម ហៅកាត់ CLMV ដែលជាយន្តការអាស៊ានបង្កើតឡើងកាលពីឆ្នាំ២០០០។
គួរជ្រាបដែរថា រដ្ឋាភិបាលកម្ពុជាតាមរយៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងឡើងវិញនៅថ្ងៃទី២៦កញ្ញានេះថា ទោះកិច្ចសហប្រតិបត្តិការអភិឌ្ឍន៍រួមជាមួយឡាវ និងវៀតណាម(CLV-DTA) ត្រូវបានបញ្ចប់ ប៉ុន្តែការអភិវឌ្ឍន៍នៅខេត្តទាំង ៤នៅភាគឦសានមិនបានដកថយនោះឡើយ និងថា ការដកចេញនូវកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្រោមហេតុផល គិតគូរពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយដើម្បីដកអាវុធចេញពីដៃពួកក្រុមប្រឆាំងជ្រុលនិយម៕