ព្រឹកថ្ងៃពុធទី២៥កញ្ញា ក្រុមហ៊ុនGoogle បានដាក់ពាក្យប្តឹងដៃគូរប្រជែងដ៏ធំរបស់ខ្លួន គឺក្រុមហ៊ុន Microsoft នៅចំពោះមុខគណកម្មការអឺរ៉ុប ដោយចោទថា Microsoft បានប្រើយុទ្ធសាស្ត្រប្រកួតប្រជែងមិនស្មោះត្រង់ ក្នុងវិស័យបច្ចេកវិទ្យាCloud។
នៅចំពោះមុខអ្នកកាសែត លោក Amit Zavery អគ្គនាយករង Google Cloud បានលើកឡើងថា ពាក្យបណ្តឹងនេះ គឺជាមធ្យោបាយតែមួយគត់ ដើម្បីបិទបញ្ចប់ការប្រើប្រាស់យុទ្ធសាស្ត្រចាក់សោបិទខ្ទប់របស់ Microsoft។ ហើយវានឹងបើកផ្លូវ អនុញ្ញាតឲ្យអតិថិជនទាំងអស់ អាចមានជម្រើសជ្រើសយកបច្ចេកវិទ្យាCloud ណាមួយដែលខ្លួនពេញចិត្ត និងធ្វើឲ្យទីផ្សារCloud មានសមភាពប្រកបដោយភាពស្មោះត្រង់។
នៅក្នុងលិខិតដែលផ្ញើទៅគណកម្មការអឺរ៉ុប Google បានលើកឡើងថា នៅអឺរ៉ុបMicrosoft បានចងដៃអតិថិជនជាប់ តាមរយៈការកំណត់ក្នុងលក្ខខណ្ឌអាជ្ញាបណ្ណប្រើប្រាស់ ថាអតិថិជនអាចផ្ទុកទិន្នន័យការងារដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows បានតែក្នុងបច្ចេកវិទ្យា Microsoft Azure ដែលជាបច្ចេកវិទ្យាCloud របស់Microsoft តែមួយគត់។ មានន័យថា អតិថិជនដែលជាក្រុមហ៊ុនឬស្ថាប័ន ដែលប្រើប្រាស់ប្រព័ន្ធWindowsដើម្បីធ្វើការ គឺគេមិនអាចផ្ទេរទិន្នន័យការងារ ទៅទុកនៅលើCloud របស់ក្រុមហ៊ុនផ្សេងបានដោយងាយឡើយ តួយ៉ាង Google Cloud ឬ AWS របស់ក្រុមហ៊ុន Amazon ជាដើម។ Google អះអាងថា អតិថិជនដែលប្រើ Windows អាចប្រើCloud របស់ក្រុមហ៊ុនផ្សេងបាន តែMicrosoft នឹងតម្រូវឲ្យបង់ថ្លៃអាជ្ញាបណ្ណ លើសតម្លៃធម្មតាដល់ទៅ៤០០% ឯនោះ ហើយជាងនេះទៀត Microsoft កាត់បន្ថយវិធានការការពារសន្តិសុខឲ្យនៅទាបបំផុតថែមទៀត។
ក្រោយដឹងថាGoogleប្តឹងខ្លួន Microsoft បានអះអាងថា គេនឹងសហការសន្ទនា ជាមួយនឹងគណកម្មការអឺរ៉ុប។ចំណែក Google វិញ បានសង្ឃឹមថា គណកម្មការអឺរ៉ុបនឹងចាត់វិធានការ ឬសម្រេចសេចក្តីក្នុងពេលឆាប់ៗ។
សូមបញ្ជាក់ថា គណកម្មការអឺរ៉ុបមានតួនាទីធានានិងតាមដានការគោរព នូវវិធានច្បាប់ប្រកួតប្រជែងដោយស្មោះត្រង់ ចំពោះក្រុមហ៊ុនទាំងអស់ដែលរកស៊ីក្នុងទីផ្សារអឺរ៉ុប។ ដែនសមត្ថកិច្ចនេះបានបើកសិទ្ធិឲ្យគណកម្មការអឺរ៉ុប អាចសម្រេចដាក់ទោសពិន័យជាប្រាក់ ទៅកាន់ក្រុមហ៊ុនដែលបានធ្វើខុស។ យ៉ាងណាមិញ កាលពីខែកក្កដា ២០២៣ គណកម្មការអឺរ៉ុបបានបើកការស៊ើបអង្កេត ទៅលើក្រុមហ៊ុន Microsoft ម្តងរួចហើយ ទាក់ទិននឹងការប្រើប្រាស់ជំហរឧត្តមភាពលើទីផ្សារ។ Microsoft ត្រូវគេចោទថាចាប់បង្ខំឲ្យអតិថិជនប្រើប្រាស់តែប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ Teams និងដោយមិនបើកសិទ្ធិឲ្យមានជំរើស។ ហើយកាលពីឆ្នាំ២០១៣ គណកម្មការអឺរ៉ុបបានដាក់ពិន័យឲ្យ Microsoft បង់ប្រាក់ចំនួន ៥៦១លានអឺរ៉ូ បន្ទាប់ពីគេបានរកឃើញថា Microsoft បានចាប់បង្ខំឲ្យអតិថិជនប្រើប្រាស់តែ Internet Explorer។
គួរកត់សំគាល់ដែរថា ក្នុងវិស័យប្រកួតប្រជែងដោយស្មោះត្រង់ រវាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងអស់នេះ គឺគ្មាននរណាគ្រាន់បើជាងនរណាទេ។ ក្រុមហ៊ុន Google ខ្លួនឯងដែលដាក់ពាក្យប្តឹងគេ ក៏ធ្លាប់បានរកការពិន័យដែរ។ កាលពីដើមខែកញ្ញាថ្មីៗនេះ តុលាការសហភាពអឺរ៉ុបបានសម្រេចសេចក្តី យល់ព្រមដាក់ពិន័យជាប្រាក់ ចំនួន២៤០០លានអឺរ៉ូ ទៅលើក្រុម Google ពីបទប្រើជំហរឧត្តមភាពលើទីផ្សារ ក្នុងវិស័យផ្សាយពាណិជ្ជកម្មអនឡាញ។ ជាសរុប Google ធ្លាប់ត្រូវបានសហភាពអឺរ៉ុបពិន័យជាប្រាក់ ប្រមាណ៨ពាន់លានអឺរ៉ូរួចមកហើយ ពាក់ព័ន្ធនឹងការរំលោភបំពានវិធានច្បាប់ប្រកួតប្រជែងដោយស្មោះត្រង់៕