សេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ស្តីពីការរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤-២០២៥ បានឲ្យដឹងថា តាមរយៈទស្សនវិស័យអភិវឌ្ឍន៍អាស៊ីក្នុងខែកញ្ញា ឆ្នាំ២០២៤ នេះ ADB បានបន្ថយការព្យាករអត្រាអតិផរណានៅកម្ពុជា ពី ២% មកត្រឹម ០,៥% វិញ។ តាម ADB ការបន្ទាបការព្យាករអត្រាអតិផរណានេះ គឺឆ្លុះបញ្ចាំងពីការថយចុះតម្លៃទំនិញ និងសេវាទាក់ទងនឹងប្រេងឥន្ធនៈ រួមទាំងការថយចុះតម្លៃជីកសិកម្ម។ សម្រាប់ ADB អត្រាអតិផរណាថយចុះនឹងជួយសម្រាលបន្ទុកចំណាយចាំបាច់របស់ប្រជាពលរដ្ឋ ពិសេសក្រុមងាយរងគ្រោះបំផុតដែលបានប្រឈមមុខនឹងបញ្ហាជាច្រើននាប៉ុន្មានឆ្នាំថ្មីៗនេះដោយសារតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈកើនឡើង។
លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុង រួមទាំងវិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ការបន្តហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេសបានកំពុងជួយជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ តាម ADB លំហូរវិនិយោគបរទេសនៅតែបន្តមាន បើទោះជាទុនវិនិយោគបានធ្លាក់ចុះបន្តិចមកនៅត្រឹម ២ ពាន់លានដុល្លារនៅពាក់កណ្តាលឆ្នាំ ២០២៤ ពោលថយ ១០០ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ទន្ទឹមគ្នានេះ ADB ក៏បានបញ្ជាក់ពីហានិភ័យដែលអាចកើតមានសម្រាប់សេដ្ឋកិច្ចកម្ពុជា ប្រសិនបើស្ថានភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសធំៗមួយចំនួន ដូចជាចិន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជូបការលំបាក និងមានកំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុក។ កត្តាហានិភ័យផ្សេងទៀត រួមមានបំណុលឯកជនខ្ពស់ ការប្រែប្រួលតម្លៃប្រេងឥន្ធនៈសកល និងផលប៉ះពាល់ធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ។
គួរជម្រាបថា កាលពីខែមិថុនា ឆ្នាំ២០២៤ ធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍មួយស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាដោយព្យាករថា កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥,៨% សម្រាប់ឆ្នាំ ២០២៤ ពោលកើនចំនួន ០,២% ធៀបនឹងឆ្នាំ ២០២៣ ដែលមានកំណើន ៥,៦%។ ចំណែកឆ្នាំ ២០២៥ ត្រូវបានធនាគារពិភពលោកព្យាករមានកំណើនសេដ្ឋកិច្ច ៦,១% និង ៦,៤% សម្រាប់ឆ្នាំ ២០២៦៕