ព្រះមហាក្សត្រថៃ បានលាយព្រះហត្ថលេខា ប្រទានរាជានុញ្ញាត ឲ្យប្រជារាស្ត្រថៃ ដែលស្រឡាញ់ភេទដូចគ្នា អាចមានសិទ្ធិស្របច្បាប់ រៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបាន។ នេះបើតាមព្រះរាជក្រឹត្យ ដែលត្រូវបណ្តាញឃោសនាថៃ ផ្សព្វផ្សាយព្រោងព្រាត នៅថ្ងៃអង្គារ៍ ទី២៤កញ្ញា។ តាមរយៈច្បាប់ថ្មីនេះ ថៃបានក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ទី១ ដែលយល់ព្រមទទួលការរៀបមង្គលការរវាងអ្នកស្រឡាញ់ភេទដូចគ្នា។
ព្រះចៅថៃ ហ្លួងមហា វិជ្ជរ៉ា ឡុងកន រាជទានលាយព្រះហត្ថលេខា លើច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា កាលពីថ្ងៃអង្ការ៍។ រាជក្រឹត្យនេះ ធ្វើឡើងក្រោយពី រដ្ឋសភាថៃ សម្រេចអនុម័តច្បាប់នេះ កាលពីខែឧសភា ហើយព្រឹទ្ធសភា បានយល់ព្រមនៅខែមិថុនា កន្លងទៅ មុននឹងបញ្ជូនបន្ត ថ្វាយព្រះមហាក្សត្រ។
ច្បាប់នេះ ក៏ជាមត៌កស្នាដៃមួយរបស់អតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថៈវីស៊ីន ដែលជាអ្នកនយោបាយគាំទ្រសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ១រូបដែរ។ កាលពីចុងឆ្នាំ២០២៣ រដ្ឋាភិបាលរបស់លោក សេដ្ឋា ថៈវីស៊ីន បានរៀបចំពង្រាងអំណានច្បាប់ច្រើនដង ដើម្បីស្នើសុំកែប្រែមាត្រាខ្លឹមសាររបស់ច្បាប់អាពាហ៍ពិពាហ៍ ដោយបើកផ្លូវ អនុញ្ញាត ឲ្យប្រជាពលរដ្ឋ ថៃទាំងអស់ អាចរៀបអាពាហ៍ពិពាហ៍ ដោយលែងជាប់លក្ខខណ្ឌ ថាត្រូវតែមានភេទពីកំណើតផ្ទុយគ្នា។ ក្នុងនោះ អ្នកច្បាប់ថៃបានលុបពាក្យ បុរស ស្ត្រី ប្តី ប្រពន្ធ និងជំនួសពាក្យថា បុគ្គល ដៃគូអាពាហ៍ពិពាហ៍ ឬ ដៃគូសហព័ទ្ធ។
លោក Apiwat Apiwatsayree វ័យ៤៩ឆ្នាំ ជានិមិត្តរូបមួយនៃក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅថៃ បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងអាអែហ្វប៉េនៅក្រុងបាំងកក ថាបានរួមរស់ចំនួន១៧ឆ្នាំហើយ ជាមួយដៃគូប្រុសស្នេហា លោក Sappanyoo Panatkool និងអន្ទះសាទន្ទឹងរង់ចាំច្បាប់នេះយូរខ្លាំងណាស់។ លោកថា ពេលច្បាប់ចូលជាធរមានគ្រាណា លោកនឹងកាន់ដៃគ្នាទៅចុះបញ្ជីអាពាហ៍ពិពាហ៍ស្របច្បាប់តែម្តង។
គួរជ្រាបថា បន្ទាប់ពីព្រះបរមរាជវង្សស្តេចថៃ ចេញផ្សាយរាជក្រឹត្យរួច ច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នានេះ នឹងចូលជាធរមាន អាចអនុភាពអនុវត្តបាន នៅរយៈពេល ១២០ ថ្ងៃទៀត។ បានសេចក្តី ប្រជាពលរដ្ឋថៃ អ្នកដែលប្រតិព័ទ្ធភេទដូច្នេះ អាចផ្តើមរៀបចំមង្គមការស្របច្បាប់ ជាផ្លូវការពេញមុខពេញមាត់ ចាប់ពីខែមករា ដើមឆ្នាំ២០២៥ តទៅ។ ការមានសិទ្ធិរៀបអាពាហ៍ពិពាហ៍ច្បាប់ យ៉ាងដូច្នេះនេះ ក៏បានសេចក្តីថា ដៃគូសហព័ទ្ធ មានសិទ្ធិផ្ទេរ ឬទទួលមរតក ហើយពិសេសមានសិទ្ធិស្មុំកូន ដែលពីមុនមក នៅមានចំណោទបញ្ហាប្រទាំងប្រទែងខាងផ្លូវច្បាប់។
ជាការរំឭក នៅស្រុកថៃ សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា បានផ្តើមប្រារព្ធពិធីអបអរសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ជាលើកដំបូង នៅឆ្នាំ១៩៩៩ នាឱកាសពិធីបុណ្យខ្មោច Hallowen តាមបុណ្យប្រពៃណីបែបបស្ចិមលោក។ កាលណោះ គេបានឲ្យឈ្មោះថា «មហោស្រពប្រុសស្រឡាញ់ប្រុសនៅក្រុងបាំង»។ មហោស្រពនេះ រៀបចំដោយលោក Pakorn Pimton។ ២៥ឆ្នាំក្រោយ ទើបក្តីសុបិនបានក្លាយជាការពិត។
សង្គមថៃ មានភាពបើកចំហ ស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់បានទទួលស្គាល់មនុស្សស្រឡាញ់ភេទដូចគ្នា ក៏ប៉ុន្តែ អង្គការសង្គមស៊ីវិលមួយចំនួននៅថៃ ដែលធ្វើការគាំទ្រការពារសិទ្ធិនិងសុខភាពរបស់អ្នកស្រឡាញ់ភេទដូចគ្នា នៅតែមានកត់សម្គាល់ឃើញ អំពីសកម្មភាពអើសអើង និងមាក់ងាយ បន្តមានខ្លះៗជាហូរហែនៅឡើយ ជាពិសេស ការបៀតបៀន ឬប្រើសម្តីនិងសំណេរពុំសមរម្យ។
ក្នុងតំបន់អាស៊ីទាំងមូល តៃវ៉ាន់ បានបើកសិទ្ធិទទួលស្គាល់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា មុនដំបូងគេ នៅឆ្នាំ២០១៩។ បន្ទាប់មក ប្រទេសនេប៉ាល់ បានចុះបញ្ជីទទួលស្គាល់ការរៀបការភេទដូចគ្នា នៅខែវិច្ឆិកា ២០២៣។ ចំណែក ថៃ បានក្លាយជា រាជាណាចក្រទី១ដំបូងគេ ក្នុងបណ្តា ប្រទេសអាស៊ីអាគ្នេយ៍ ដែល បានសម្រេចយល់ព្រមទទួលស្គាល់ចំណងអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា។ ក្នុងពិភពលោកសព្វថ្ងៃ ប្រទេសជាង៣០ ដែលមានច្បាប់រៀបមង្គលការភេទដូចគ្នា។ ហូឡង់ ផ្តើមដំបូងគេ នៅឆ្នាំ២០០១៕